Thursday, July 13, 2023

គួររៀនមួយណា​ STM32 ឫ Arduino?

STM32 ឫ Arduino

Microcontroller មានច្រើនតម្រូវទៅតាមការប្រើប្រាស់នៅក្នុងដំណោះស្រាយផ្សេងៗទៅតាមគម្រោងជាក់ស្តែង។ Arduino គឺជា Microcontroller មួយប្រភេទដែលពេញនិយមខ្លាំងសម្រាប់អ្នកអេឡិចត្រូនិច ក៏ដូចជាសម្រាប់អ្នកប្រើទៅដោះស្រាយបញ្ហាផ្សេងៗ។ សំនួរនៅពេលនេះគឺ តើគួរតែរៀនមួយណារវាង STM32 និង Arduino? [វិឌីអូនៅខាងក្រោម]


Arduino board

Arduino

Arduino គឺជា Framework សម្រាប់ Microcontroller ដែលប្រើឈីបរបស់ Atmel មួយចំនួន ដោយបញ្ចូល Bootloader ទៅក្នុងឈីបទាំងនោះ។ និយាយពី Hardware សម្រាប់ Arduino គឺងាយស្រួលដោយវាសង្កត់ធ្ងន់ទៅលើប្រភេទ Development board ដែលងាយស្រួលសម្រាប់អ្នកធ្វើ Prototype ឫសម្រាប់ប្រើប្រាស់លឿនៗយកទៅដាក់ឆាប់បាន។ ចំនែក Software វិញ Arduino ជាប្រភេទ Framework ដែលដំណើរការបានទាំង C program និង C++ ដែលជាចំនុចងាយស្រួលក្នុងការសរសេរកូដ។ ព្រមជាមួយនោះក៏មានការចែករំលែក Library ជាច្រើននៅលើ Internet ឲ្យគ្រប់គ្នាអាចទាញយកទៅប្រើប្រាស់បាន និយាយរួមគឺងាយស្រួលសម្រាប់តម្រូវការលើ ​Prototype ឫយកទៅប្រើលើដំណោះស្រាយភ្លាមៗ មិនចាំបាច់ខ្វល់ពីធ្វើបតដោយខ្លួនឯងនោះទេ។ 

ប៉ុន្តែក៏មានបញ្ហារផ្សេងៗផងដែរដូចជា Hardware របស់ Arduino មានកំណត់ទៅតាម Development board ដោយសារវាពឹងផ្អែកលើឈីបរបស់ក្រុមហ៊ុនផ្សេង ហើយវាមានតម្លៃថ្លៃ ចំនែក Library ក៏មិនទៀតទាត់ទាំងអស់នោះទេដោយសារតែវាជា Open source ហើយខ្លះទៀតក៏ជាប់ជាមួយ Licence មានលក្ខខណ្ឌឲ្យអ្នកប្រើគោរពតាម ជាពិសេសការយកទៅប្រើប្រាស់បែបអាជីវកម្ម។


STM32

STM32

STM32 ជាឈីបរបស់ STMicroelectronics ដែលវាមាន Framework ផ្ទាល់ខ្លួនពីក្រុមហ៊ុនខ្លួនឯង ហើយឥឡូវនេះក៏មានកម្មវិធីអភិវឌ្ឍន៍ដោយខ្លួនឯងទៀតផងគឺ STM32CubeIDE ហើយមិនគិតថ្លៃទៀតផង។ Hardware ឫឈីបរបស់ STM32 ទាំងអស់ដំណើរការ 32 bits ហើយវាសំបូរបែបណាស់ដោយក្រុមហ៊ុន STM សង្កត់ធ្ងន់លើការផ្កត់ផ្កង់ទៅក្រុមហ៊ុនផលិតកម្មធំៗ។ ឈីប STM32 មានតាំងពីប្រភេទតូច រហូតដល់ធំ ជើងច្រើនតែល្បឿនទាប ជើងតិចតែល្បឿនលឿន ទំហំចងចាំគ្រប់ទំហំ តម្លៃទាំងទាបមែនទែនរហូតដល់ខ្ពស់ និយាយរួមគឺអ្នកប្រើចង់បានប្រភេទអ្វីក៏សឹងតែមាន។ ចំនែក Software វិញគឺអ្នកប្រើប្រាស់ងាយស្រួលប្រើបានគ្រប់ឈីបដូចៗគ្នា ហើយដំណើរការល្អលើ C program មួយគត់។ 

បញ្ហាមានគឺ អ្នកប្រើប្រាស់ត្រូវយល់ដឹងច្រើនទាំង ការកំណត់ Hardware និងការសរសេរកូដយ៉ាងច្រើន ទើបអាចប្រើប្រាស់បាន ចំនែក Library មិនសូវមានស្រាប់នោះទេ។ ហើយមិនមាន Development board សម្រាប់គ្រប់ឈីបនោះទេ ការជ្រើសរើសទៅប្រើប្រាស់គឺអាស្រ័យលើការសិក្សាក្នុង Datasheet ដោយខ្លួនឯងទាំងស្រុង។


សរុបមកបើអ្នកគ្រាន់តែជាអ្នកចង់ប្រើប្រាស់ Microcontroller ដើម្បីដោះស្រាយបញ្ហាប្រឈមម្តងម្កាល ឫជាការតេស្ត Prototype នោះ Arduino ជាជម្រើសរបស់អ្នក។ តែបើអ្នកចង់ក្លាយជាវិស្វករផ្នែកអាឡិចត្រូនិច ហើយចង់ធ្វើការជា Developer ក្នុងការឌីហ្សាញផលិតផលដែលផលិតច្រើន នោះ STM32 ជាផ្លូវដែលត្រូវដើរ ដោយសារតែតម្លៃ និងភាពទូលំទូលាយរបស់វា។

Do the right work, at the right time, with the right tool